ចាប់ខ្លួនបានហើយជនសង្ស័យបាញ់គ្រាប់កង់ទៅលើស្ត្រីរងគ្រោះនៅស្រុកកំពង់ត្រឡាច
សូមរំលឹកថាកាលពីវេលាម៉ោង ៧និង២០នាទី យប់ថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២៦ មានជនពុំស្គាល់មុខ បានលបបាញ់ ប្រហារទៅលើស្ត្រីរងគ្រោះ ឈ្មោះ លៀង ពិសី អាយុ ៣៩ឆ្នាំ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច បណ្ដាល
ឲ្យរងរបួសថ្ពាល់ ដោយបៀមគ្រាប់នៅលើផ្ទៃមុខ រួចត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ គ្រាដែលជនរងគ្រោះកំពុងតែស្រោចផ្កានៅ ក្នុងតូបលក់ដូរជាប់ដងផ្លូវ ។
លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខេត្ត បានសហការជាមួយសមត្ថកិច្ចនគរបាលស្រុក និងប៉ុស្តិ៍មូលដ្ឋានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ទឹម ថារិទ្ធ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសំរោងជាមួយជនរងគ្រោះដែរ។
ក្រោយការសាកសួរជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានប្រើ ចំពាមកៅស៊ូ បាញ់គ្រាប់ប៉ាដាងដែក ទៅលើជនរងគ្រោះពិតមែន ។មូលហេតុគឺមានទំនាស់ជាមួយគ្នាយូរ ណាស់មកហើយ រឿងធ្វើរបងនៅលើលូជាប់ព្រំដីគ្នា។ នៅថ្ងៃកើតហេតុឃើញឱកាសល្អពេលដែលជនរងគ្រោះកំពុងតែនៅក្នុងទាម មុខផ្ទះស្រោចផ្កាខ្លួនក៏បានយកជំពាមកៅស៊ូបាញ់ទៅលើជនរងគ្រោះតែម្ដង។
សមត្ថកិច្ចនគរបាលបានដករហូតគ្រាប់ប៉ាដាង (គ្រាប់កង់)
មួយថង់ និងខ្សែចំពាម១គូ ចំណែកដងចំពាម ត្រូវបានជនសង្ស័យប្រាប់ថាគ្រវែងចោលបាត់ហើយ។




